Lock Facebook Profile ធ្វើ​អី? ដើម្បី​អ្វី? ជំពាក់​លុយ​គេ​មែន? មាន​ពិរុទ្ធ​មែន? ឬ​មាន​រឿង​លាក់បាំង​មែន?

432
Lock Facebook Profile ធ្វើ​អី? ដើម្បី​អ្វី? ជំពាក់​លុយ​គេ​មែន? មាន​ពិរុទ្ធ​មែន? ឬ​មាន​រឿង​លាក់បាំង​មែន?

ថ្មីៗ​នេះ​មាន​សំណួរ​ជាច្រើន​លើកឡើង​អំពី​ការ​បិទ​ប្រូហ្វាល់​ហ្វេសប៊ុក (Lock Facebook Profile) ដូចជា ហេតុ​អ្វី​បាន​ជា Lock Profile មិន​ឱ្យ​គេ​មើល​ឃើញ​ផង ខណៈ​ខ្លួន​ឯង​ដែល​ដាក់ Lock Profile មាន​លទ្ធភាព​មើល​ឃើញ​គេ​ដែល​ដាក់​ជា​សាធារណៈ​បាន។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ចំណែក​អ្នក​ខ្លះ​ទៀត​បាន​លើកឡើង​ថា ប្រហែល​ជា​អ្នក​ដាក់ Lock Profile នោះ​ជំពាក់​លុយ​គេ ឬ​ជាប់​ពិរុទ្ធ ឬ​ក៏​លួចលាក់​មាន​ស្នេហា​ជាមួយ​ប្ដី/ប្រពន្ធ​គេ​ហើយ​មើល​ទៅ បាន​ជា​មិន​ចង់​ឱ្យ​គេ​ដឹង ជាដើម។ លើស​ពី​នេះ​ទៀត ក៏​មាន​អ្នក​ព្រមាន​ថា​បើ​ដាក់ Lock Profile កុំ​ចុច Add friend ទៅ​គេ គឺ​គេ​មិន​ទទួល​ឡើយ។

តើ​មុខងារ Lock Profile ជា​អ្វី?

មុខងារ​ថ្មី​នេះ​ត្រូវ​បាន​ក្រុមហ៊ុន Meta ដែល​ជា​ម្ចាស់​របស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដាក់​ឱ្យ​ដំណើរការ​នៅ​ពេល​ថ្មីៗ​នេះ​ដែរ​ទេ ហើយ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ខ្លះ​ក៏​មិន​ទាន់​ទទួល​បាន​មុខងារ​នេះ​ប្រើ​នៅឡើយ​ដែរ។ មាន​ន័យ​ថា គណនី​ខ្លះ​មាន​មុខងារ​នេះ ហើយ​គណនី​ខ្លះ​ទៀត​មិន​ទាន់​មាន​មុខងារ Lock Profile នេះ​ទេ។ ដូច្នេះ ប្រសិន​បើ​អ្នក​រក​មិន​ឃើញ​មុខងារ Lock Profile នេះ​ទេ សូម​រង់ចាំ​រហូត​ទាល់តែ​ហ្វេសប៊ុក​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​វា​បាន។

ក្រឡេក​មក​មើល​ថា​តើ​អ្វី​ទៅ​ជា Lock Facebook Profile? វា​គឺ​ជា​មុខងារ​ដែល​នៅ​ពេល​បើក​ដំណើរការ​វា នោះ​រាល់​ការ​បង្ហោះ​របស់​អ្នក (រួម​មាន រូបភាព វីដេអូ សារ​ជា​អក្សរ និង​ការ​ស៊ែរ​ផ្សេងៗ) នៅ​លើ​ប្រូហ្វាល់​របស់​អ្នក​ត្រូវ​បាន​កំហិត​មិន​ឱ្យ​ឃើញ​ជា​សាធារណៈ​ឡើយ គឺ​មាន​តែ​មិត្តភ័ក្តិ​ក្នុង​បញ្ជី​មិត្តភ័ក្តិ​របស់​អ្នក​ប៉ុណ្ណោះ​ដែល​អាច​មើល​ឃើញ។

ទោះយ៉ាងណា យើង​ដឹង​ហើយ​ថា​ហ្វេសប៊ុក​ត្រូវ​បាន​បង្កើត​ឡើង​ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្នុង​គោលបំណង​ឱ្យ​មនុស្ស​ជុំវិញ​ពិភពលោក​មាន​ទំនាក់ទំនង​គ្នា​ជានិច្ច​តាមរយៈ​អនឡាញ​ដោយ​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ដោយ​មិន​ចាំបាច់​ជួប​គ្នា​ដោយ​ផ្ទាល់។ ទន្ទឹម​នឹង​នេះ វា​ក៏​បង្កើត​នូវ​ហានិភ័យ​ជាច្រើន​ផង​ដែរ​ដល់​អ្នក​ប្រើប្រាស់ ដូចជា ការ​គំរាមកំហែង​នៃ​ការ​បែកធ្លាយ​ទិន្នន័យ ការ​លួច​នូវ​អត្តសញ្ញាណ និង​ការ​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ ជាដើម។

ហានិភ័យ​នៃ​ការ​ដាក់​ប្រូហ្វាល់​ជា​សាធារណៈ

  • គណនី​ចម្លែកៗ​ដែល​អ្នក​មិន​ស្គាល់ (ពួកគេ​អាច​ជា​មនុស្ស​ខិលខូច) អាច​តាមដាន​នូវ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក ហើយ​ឈាន​ដល់​ការ​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ ដូចជា​ទៅ​លួច​ទ្រព្យសម្បត្តិ​របស់​អ្នក ជាដើម។
  • ហេគឃ័រ (Hackers) អាច​ប្រមូល​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក ដើម្បី​រៀបចំ​សេណារីយ៉ូ​ដើម្បី​វាយប្រហារ​ដោយ​បន្លំ (phishing attack) លើ​អ្នក​បាន។
  • ជន​ខិលខូច​អាច​ប្រមូល​នូវ​ព័ត៌មាន​សំខាន់ៗ​អំពី​អ្នក ដូចជា ឈ្មោះ អាយុ ភេទ រូបថត។ល។ ដើម្បី​បង្កើត​ជា​គណនី​ក្លែងក្លាយ​ថ្មី​មួយ​នៅ​លើ​ហ្វេសប៊ុក ឬ​ក៏​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ទៀត ដោយ​បន្លំ​ធ្វើ​ជា​អ្នក ហើយ​ប្រព្រឹត្ត​នូវ​បទល្មើស​ណា​មួយ​ដោយ​អ្នក​មិន​ដឹង​ខ្លួន។ ឧទាហរណ៍ ពួក​ជន​ខិលខូច​ទាំងនោះ​អាច​យក​រូបថត​របស់​អ្នក​ទៅ​បង្កើត​ហ្វេសប៊ុក ឬ​ផេក ហើយ​ទៅ​ខម្មិន ឬ​ស៊ែរ​មាតិកា​ណា​មួយ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ឬ​ក៏​យក​ទៅ​បោក​បញ្ឆោត​មិត្តភ័ក្តិ/បងប្អូន​របស់​អ្នក ដើម្បី​យក​មាស​ប្រាក់ ឬ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ពួកគាត់​បន្ត​ទៀត​ផង​ដែរ។
  • អ្នក​កំពុង​តែ​បើក​ចំហ​ខ្លួន​អ្នក​ផ្ទាល់​ឱ្យ​ក្រុម​ជន​ខិលខូច​លួច​នូវ​អត្តសញ្ញាណ​របស់​អ្នក។ អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​ធ្លាប់​អាន​ព័ត៌មាន​ជាច្រើន​ទាក់ទង​នឹង​ការ​លួច​យក​គណនី ឬ​បោក​បញ្ឆោត​យក​លុយ​កាក់​ដែរ​ផង​ក៏​មិន​ដឹង។

អត្ថប្រយោជន៍​ពី​ការ​ដាក់​កំហិត​លើ​ប្រូហ្វាល់ ឬ Lock Profile

  • ការ​កំហិត​នូវ​ព័ត៌មាន​របស់​អ្នក​លើ​បណ្ដាញ​សង្គម វា​ជួយ​ឱ្យ​អ្នក​អាច​កាត់បន្ថយ​នូវ​ហានិភ័យ ឬ​គ្រោះថ្នាក់់​ជា​យថាហេតុ​ដែល​អាច​កើតមាន​ឡើង​រៀងរាល់​វិនាទី។
  • ធ្វើ​ដូចនេះ វា​ជួយ​កាត់បន្ថយ​មិន​ឱ្យ​ជន​ចម្លែក​ដែល​អ្នក​មិន​ស្គាល់ មក​វាយប្រហារ​លើ​អ្នក​ដោយ​ពាក្យ​អសុរោះ ឬ​មាក់ងាយ​លើ​អ្នក ឬ​ដោយ​ប្រើ​ពាក្យ​សម្អប់​ជាដើម។
  • អ្នក​បាន​ការពារ​ខ្លួន​អ្នក​ពី​ការ​វាយប្រហារ​តាម​អនឡាញ​ផ្សេងៗ ដូចជា​ការ​លួច​បន្លំ​អត្តសញ្ញាណ ការ​ចាញ់​បោក​គេ ឬ​ក៏​មិន​ឱ្យ​អ្នក​បាត់បង់​នូវ​គណនី ឬ​ប្រាក់កាស។

សរុប​មក អ្នក​ដែល​បាន​ដាក់ Lock Profile គឺ​ជា​មនុស្ស​ជោគជ័យ​ដោយ​មិន​ដឹង​ខ្លួន ដែល​ពួកគេ​បាន​គិតគូរ​ពី​សុវត្ថិភាព និង​ឯកជនភាព​លើ​អនឡាញ​ជា​ចម្បង ជាពិសេស មិន​ត្រឹម​តែ​បាន​គិតគូរ​អំពី​ខ្លួន​អ្នក​ទេ ថែមទាំង​បាន​ជួយ​ដល់​មិត្តភក្តិ/បងប្អូន​ក្រុម​គ្រួសារ​របស់​ពួកគេ​ដោយ​មិន​ដឹង​ខ្លួន​ទៀត​ផង។

នេះ​ជា​តំណភ្ជាប់​ក្នុង​ការ​បើក​មុខងារ Lock Facebook Profile… ។ សូម​ប្រើប្រាស់​បណ្ដាញ​សង្គម​ដោយ​ការ​ទទួល​ខុសត្រូវ និង​ឈ្លាសវៃ៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។